Monday, January 21, 2013

១០ យ៉ាង​ងាយៗ​ផ្លាស់​ប្ដូរ​ជីវិត​អ្នក​យ៉ាង​ធំធេង

ការ​ផ្លាស់ប្ដូរ​ខ្លួន​ឯង​ឲ្យ​ប្រសើរ​ជា​ អ្វី​ដែល​មនុស្ស​គ្រប់​រូប​តែង​ប្រាថ្នា​ចង់​បាន។ ​​ប៉ុន្តែ​អ្នក​ប្រហែល​ជា​មិន​បាន​ដឹង​ទេ​ថា ​សកម្មភាព​តូចៗ​​ដែល​អ្នក​ធ្វើ​រាល់​ថ្ងៃ​អាច​​​ផ្លាស់ប្ដូរ​ខ្លួន​អ្នក​យ៉ាង​ធំធេង។ ​ខាងក្រោម​ជា​ចំណុច​ងាយៗ​ ១០ យ៉ាង​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​ផ្លាស់ប្ដូរ​ជីវិត​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។​​

១. ​ចំណាយ​ពេល​ជាមួយ​ធម្មជាតិ
​អ្នក​ប្រហែល​ជា​មិន​ដឹង​ទេ​ថា ​ការ​នៅ​ជិត​ធម្មជាតិ​មាន​សារៈសំខាន់​ជាង​អ្នក​រំពឹង​ទុក។ ​ការ​នៅ​ជាមួយ​ធម្មជាតិ​​អាច​ជួយ​កាត់​បន្ថយ​ស្ត្រេស ​​​ធ្វើ​ឲ្យ​មាន​គំនិត​ច្នៃ​ប្រឌិត ​​បង្កើន​ការ​ចងចាំ ​និង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្រស់ស្រាយ​ដែរ។ ដូ្ចច្នេះ​នៅ​ពេល​ព្រឹក​ អ្នក​អាច​ងើ​ប​ពី​ព្រលឹម​ទទួល​យក​ពន្លឺ​ព្រះអាទិត្យ​​ដើម្បី​ឲ្យ​ពណ៌​សម្បុរ ​ស្បែក​ស្រស់ថ្លា​​បាន។​
២. ​​​​​ហាត់​ប្រាណ
គ្រប់ ​គ្នា​សុទ្ធ​តែ​ដឹង​ថា ​ការ​ហាត់​ប្រាណ​ល្អ​ចំពោះ​សុខភាព​​​ ប៉ុន្តែ​​មនុស្ស​ភាគ​ច្រើន​មិន​សូវ​ចូលចិត្ត​ធ្វើ​វា​នោះ​ទេ។ ​ការ​សិក្សា​មួយ​របស់​សាកលវិទ្យាល័យ Harvard ​​​លើ​បុរស​មួយ​ក្រុម​បាន​រក​ឃើញ​ថា​​ ​ការ​ហាត់​ប្រាណ​ជា​​សកម្មភាព​មួយ​ដែល​ជួយ​ឲ្យ​ជីវិត​មាន​ភាព​រីករាយ។ ឆ្លៀត​ពេល​ ១៥ ​នាទី​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ហាត់​ប្រាណ​ ប្រហែល​ជាមិន​ពិបាក​ទេ មែន​ទេ?
៣. ចំណាយ​ពេល​ជាមួយ​ក្រុម​គ្រួសារ​ និង​មិត្តភ័ក្ដិ
​​​អ្នក​ជំនាញ​មក​ពី​សាកលវិទ្យាល័យ Harvard ​គឺ​លោក Daniel Gilbert ​​ហៅ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ថា ​ជា​ប្រភព​នៃ​សុភមង្គល​មួយ​​ក្នុង​ជីវិត។ ​ការ​ចំណាយ​ពេល​ជាមួយ​​​គ្រួសារ​ និង​មិត្តភ័ក្ដិ​អាច​ឲ្យ​អ្នក​បាត់​អត់​ភាព​តានតឹង​ ​ចែក​រំលែក​បទ​ពិសោធន៍​ជាមួយ​គ្នា ​និង​ចាក​ឆ្ងាយ​ពី​ភាព​ឯកោ​ ដែល​ជា​មូលហេតុ​​នាំ​ទៅ​រក​​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ​និង​គាំង​បេះដូង​ជាដើម។
៤. ​សម្ដែង​ការ​ដឹង​គុណ
ការ​ដឹង​គុណ​ធ្វើ​ឲ្យ​អ្នក​រីករាយ ​មាន​ទំនាក់ទំនង​ល្អ ​ធ្វើ​ឲ្យ​មនុស្ស​ជុំ​វិញ​ស្រឡាញ់​ចូលចិត្ត​ និង​ក្លាយ​មនុស្ស​ម្នាក់​ដ៏​ល្អ។
៥. ​ធ្វើ​សមាធិ
​ការ​ធ្វើ​សមាធិ​នឹង​ជួយ​បង្កើន​សុភមង្គល ​​អត្ថន័យ​នៃ​ជីវិត​ ​ការ​ផ្ដោត​អារម្មណ៍ ​និង​សន្តិភាព​ក្នុង​ចិត្ត។ ​ក្រៅ​ពី​នេះ ​វា​ក៏​ជួយ​កាត់​បន្ថយ​កំហឹង ​អារម្មណ៍​ក្រេវក្រោធ​ ​​ការ​មិន​សប្បាយ​ចិត្ត ​និង​ទុក្ខ​សោក​ទៀត​ផង។
៦. ​​គេង​គ្រប់គ្រាន់
គេង ​គ្រប់គ្រាន់​ជួយ​ឲ្យ​ការ​ធ្វើ​ការងារ​របស់​អ្នក​បាន​ល្អ​ប្រសើរ​ព្រោះ​អ្នក ​​មិន​ងងុយ ​មាន​អារម្មណ៍​ស្រស់ស្រាយ ​និង​មិន​សូវ​ជួប​ជំងឺ​តម្កាត់​នានា។
៧. ​​​ប្រឈម​នឹង​ខ្លួន​ឯង
​រៀន​ប្រឈម​នឹង​អ្វី​មួយ​ដែល​អ្នក​គិត​ថា ​មិន​អាច​ធ្វើ​បាន​ ព្រោះ​វា​អាច​ឲ្យ​អ្នក​មាន​ភាព​មោះមុត​ក្នុង​ជីវិត។ ​​ការ​រៀន​តន្ត្រី​ក៏​អាច​​ធ្វើ​ឲ្យ​អារម្មណ៍​​ស្រស់ស្រាយ និង​បង្កើន​ភាព​វៃ​ឆ្លាត​ដែរ។
៨. សើច
​ ដូច​ពាក្យ​គេ​តែង​និយាយ​ថា ​សើច​ច្រើន​ចម្រើន​អាយុ ​សើច​ជួយ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​រាងកាយ​រឹងមាំ ​ជៀស​ឆ្ងាយ​ពី​ស្ត្រេស​ដែល​នាំ​ទៅ​រក​ជំងឺ​គាំង​បេះដូង ​និង​ដាច់​សរសៃ​ឈាម​ខួរក្បាល។ ​គ្រាន់​តែ​សើច​ប្រហែល​ជា​មិន​ពិបាក​ទេ​មែន​ទេ?
៩. ​​នៅ​ជិត​មនុស្ស​ដែល​អ្នក​ស្រឡាញ់
​ការ​ថើប ​និង​សិច​ជា​សុភមង្គល​ដ៏​ចាំបាច់​​មិន​អាច​ខ្វះ​បាន​សម្រាប់​គូស្នេហ៍។ ​​សិច​ជួយ​ការពារ​ជំងឺ​គាំង​បេះដូង ​មហារីក ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​រឹងមាំ ​និង​អាយុ​វែង។ ​បើ​ត្រឹម​ជា​គូ​សង្សារ​ធម្មតា​គ្រាន់​តែ​កាន់​ដៃ​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​ កាន់​តែ​ជិតស្និទ្ធ​​ និង​មាន​ក្ដី​សុខ​ដែរ។

​​​​១០. ​មាន​សុទិដ្ឋិនិយម
​គិត​វិជ្ជមាន​ធ្វើ​ឲ្យ​អ្នក​រីករាយ ​និង​មាន​អាយុ​វែង។ ​​គិត​អ្វី​ដែល​ល្អ​នឹង​ធ្វើ​ឲ្យ​​ការ​បំពេញ​ការងារ​របស់​អ្នក​​បាន​ពេញលេញ​ និង​​ទទួល​លទ្ធផល​ជា​ផ្លែផ្កា។

​ ចំណុច​ទាំង​ ១០​ ខាង​លើ​ប្រហែល​ជា​មិន​ពិបាក​ក្នុង​ការ​អនុវត្ត​ទេ ​ដូច្នេះ​ម៉េច​មិន​សាកល្បង​​បន្តិច​ទៅ​ ហើយ​ចាំ​មើល​ថា ​​មាន​ការ​ប្រែប្រួល​អ្វី​ខ្លះ​លើ​ជីវិត​អ្នក៕​
ប្រភពពីៈ Sabay: http://news.sabay.com.kh/articles/361005

No comments:

Post a Comment