Tuesday, February 5, 2013

ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ

 ព្រះ​រាជជីវប្រវត្តិ​

ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ​កម្ពុជា (ព្រះអង្គប្រសូត្រនៅថ្ងៃអង្គារ ១១ កើត ខែកក្ដិក ឆ្នាំច ចត្វាស័ក ព.ស.២៤៦៥ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ទ្រង់ចូលទិវង្គតនៅថ្ងៃចន្ទ ទី ១៥ ខែតុលា ឆ្នាំ ២០១២ ត្រូវនឹងថ្ងៃ ១៥ រោច ខែ ភទ្របទ ឆ្នាំរោង ចត្វាស័ក វេលាម៉ោង ១ និង ២០ នាទីយប់ នៅទីក្រុងប៉េកាំង ប្រទេសចិន ) គឺជាព្រះមហាក្សត្រមួយអង្គនៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីឆ្នាំ១៩៤១ ដល់ឆ្នាំ១៩៥៥ ហើយទ្រង់បានឡើងគ្រងរាជ្យ សារជាថ្មីចាប់ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៤។ ទ្រង់គឺជាអ្នកបង្កើតច្បាប់ដ៏មានប្រសិទ្ធិភាពបំផុតនៅប្រទេសកម្ពុជា ចាប់ពី ឆ្នាំ១៩៥៣ ដល់ឆ្នាំ១៩៧០។ បន្ទាប់ពីទ្រង់ដាក់រាជ្យក្នុងឆ្នាំ២០០៤រួចមក រដ្ឋសភាជាតិនៃកម្ពុជាបាន ព្រមព្រៀងថ្វាយជូននូវព្រះគោរមងារផ្លូវការជា «ព្រះករុណាព្រះសម្ដេចព្រះនរោត្ដមសីហនុ ព្រះមហាក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ»ជាមួយនឹង ព្រះបូព្វសិទ្ធិពិសេស ក៏ដូចជាព្រះរាជអភ័យឯកសិទ្ធិ ដូចកាលដែលព្រះអង្គនៅគ្រងរាជ្យ។

ការ​សិក្សា

ចាប់ពី​ឆ្នាំ​១៩៣០ ដល់​ឆ្នាំ​១៩៤០ ព្រះ​អង្គ​បាន​ចូល​សិក្សា នៅ​សាលាបឋមសិក្សា François Baudoin និង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ រាជធានី​ភ្នំពេញ ក្រុងភ្នំពេញ។ បន្ទាប់មក ព្រះអង្គ​បាន​បន្ត​ការ​សិក្សា​នៅ​វិទ្យាល័យ​បារាំង សាសលូឡូបា (Lycée Chasseloup Laubat) នៅ​ព្រៃនគរ (វៀតណាម​ខាង​ត្បូង)។
នៅ​ឆ្នាំ​១៩៤៦ និង​១៩៤៨ ព្រះអង្គ​បាន​បន្ត​ការ​សិក្សា​ជាន់​ខ្ពស់ នៅ​សាលា​អនុវត្ត​ទ័ព​សេះ និង​កងទ័ព​រថ​ពាស​ដែក​នៅ​សូមៀរ (Saumur) ប្រទេស​បារាំង

ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

ការ​គ្រង​រាជ្យ​សម្បត្តិ​លើក​ទី​១

នៅ​ខែ​មេសា ឆ្នាំ​១៩៤១ ក្រុម​ប្រឹក្សា​ព្រះរាជ​បល្ល័ង្គ បាន​ជ្រើស​តាំង និង​ថ្វាយ​ព្រះរាជ​ឋានៈ​ព្រះអង្គ​ជា ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​រាជធានី​ភ្នំពេញ។ ព្រះ​អង្គ​ឡើង​គ្រង​រាជសម្បត្តិ​នៅ​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​១៩៤១។បន្ទាប់​ពី​ប្រទេស​កម្ពុជា​បាន​ទទួល​ឯករាជ្យ​ពី​ប្រទេស​បារាំង ព្រះអង្គ បានដាក់រាជ្យថ្វាយព្រះបិតានៅថ្ងៃ​ទី​០២ ខែ​មីនា ឆ្នាំ​១៩៥៥ ។

ការ​គ្រង​រាជ្យ​សម្បត្តិ​លើក​ទី​២

ព្រះអង្គទ្រង់បានឡើងគ្រងរាជ្យជាលើកទី២ នៅថ្ងៃ​ទី២៤ កញ្ញា ១៩៩៣ ហើយទ្រង់បានដាក់រាជ្យ វិញនៅថ្ងៃទី​០៧​ ខែ តុលា​ ឆ្នាំ ២០០៤។ ក្រោយពីការដាក់រាជ្យ ព្រះអង្គត្រូវបានគេថ្វាយព្រះនាមថា ព្រះមហាវីរក្សត្រ

ព្រះរាជ​បូជនីយកិច្ច

ក្នុង​ឆ្នាំ​១៩៤៧ ព្រះបាទ​សម្ដេច​ព្រះ​នរោត្ដម សីហនុ ព្រះអង្គ​មាន​មហាជោគជ័យ​ក្នុង​ការ​ទាមទារ​ឲ្យ​រាជាណាចក្រ​ថៃឡង់ដ៍ សង​មក​ព្រះរាជអាណាចក្រ​កម្ពុជា​វិញ​ជា​ដាច់​ខាត​នូវ​ខេត្ត​ខ្មែរ ដែល​ក្នុង​ពេល​មាន​ចម្បាំង​សកលលោក​លើក​ទី​២ ថៃឡង់ដ៍​បាន​យក​ពី​កម្ពុជា​ទៅ គឺ​ខេត្ត​បាត់ដំបង សៀមរាប កំពង់ធំ ស្ទឹងត្រែង
ឆ្នាំ​១៩៤៩ ព្រះអង្គ​បាន​ទាមទារ​ឲ្យ​ប្រទេស​បារាំង​ បញ្ឈប់​នូវ​សន្ធិសញ្ញា​អាណាព្យាបាល ដែល​បាន​ចុះ​ហត្ថលេខា​នៅ​ឆ្នាំ​១៨៦៣ និង​ឆ្នាំ​១៨៨៤។ នៅ​ឆ្នាំ​១៩៤៩​ដដែល ព្រះអង្គ​បាន​ឡាយ​ព្រះហត្ថ លេខា លើ​សន្ធិសញ្ញា​ឯករាជ្យ ដែល​ប្រទេស​បារាំង​ព្រម​ទទួល​ស្គាល់​តាម​ផ្លូវ​ច្បាប់​នូវ​ឯករាជ្យ​របស់​ព្រះរាជអាណាចក្រ​កម្ពុជា។ សន្ធិសញ្ញា​ឆ្នាំ​១៩៤៩ នេះ លុប​ចោល​នូវ​សន្ធិសញ្ញា​អាណាព្យាបាល​ឆ្នាំ​១៨៦៣ និង​ឆ្នាំ​១៨៨៤។
ពី​ឆ្នាំ​១៩៥២ ដល់​១៩៥៣ ព្រះអង្គ​បាន​យាង​បំពេញ​ព្រះរាជបូជនីយកិច្ច​ទាមទារ​កេតនភណ្ឌ​ឯករាជ្យ​១០០​ភាគរយ​ជូន​ជាតិ​មាតុភូមិ។
នៅ​ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៥៣ ដោយ​ស្នា​ព្រះហត្ត​ដ៏​ឧត្ដុង្គឧត្ដម​របស់​ព្រះអង្គ ព្រះរាជអាណាចក្រ​កម្ពុជា​បាន​ទទួល​ឯករាជ្យ​ទាំង​ស្រុង​ពី​សាធារណរដ្ឋ​បារាំង។ ប្រជារាស្ត្រ​កម្ពុជា​ទូទាំង​ប្រទេស សូម​ថ្វាយ​ព្រះ​កិត្តិនាម​ព្រះអង្គ​ជា "​ព្រះ​មហាវីរបុរស​ជាតិ - ព្រះ​បិតា​ឯករាជ្យ​ជាតិ​"។
ថ្ងៃទី១៥ មិថុនា ១៩៥២ ព្រះបាទនរោត្តមសីហនុវរ្ម័ន ទ្រង់បានថ្លែងជាឱឡារិកថា ព្រះអង្គនឹងខិតខំស្វែង រកឯករាជ្យបរិបូរជូនជាតិ មាតុភូមិឲ្យបានដាច់ខាតក្នុងរយៈពេល៣ឆ្នាំ។ ក្នុងពេលនោះ ដោយមានសហការី ជួយគាំទ្រផង ព្រះអង្គទ្រង់យាងទៅកាន់ប្រទេសបារាំងក្នុងខែកុម្ភៈ១៩៥៣។ នៅទីនោះ ព្រះអង្គបាន ផ្ញើសារលិខិតជូនលោក វ៉ាំងសង់អូរីយ៉ូល ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ចំនួន៣លើក៖

ដោយរដ្ឋាភិបាលបារាំងពុំមានអើពើអ្វីនឹងសំណើនោះ ព្រះអង្គទ្រង់សម្រេចព្រះទ័យយាងទៅធ្វើ យុទ្ធនាការទាមទារឯករាជ្យនៅក្នុងប្រទេសកាណាដា និងសហរដ្ឋអាមេរិកទៀត។

នៅកាណាដា ក្នុងទីក្រុងម៉ុងរេអាល់ ទ្រង់បានថ្លែងទៅពួកអ្នកសារព័ត៌មានដោយសង្កត់ធ្ងន់លើបញ្ហា ពីរទាក់ទងនឹងរាជាណាចក្រកម្ពុជា និងប្រទេសបារាំង ដែលជាតំណាងប្រទេសលោកសេរី ក្នុង ឥណ្ឌូចិន

យោងលើបញ្ហានេះ ព្រះអង្គទ្រង់បញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរពុំត្រូវការរបបកុំមុយនីសទេ ព្រោះថា ប្រជាពលរដ្ឋ ខ្មែរម្នាក់ៗសុទ្ធតែមានដីធ្លីជាកម្មសិទ្ធិ សម្រាប់បង្កបង្កើនផលរបស់ខ្លួន។ បញ្ហាដែល គេចង់បាននោះគឺ ឯករាជ្យបរិបូរសម្រាប់ប្រទេសជាតិ។ ចំណែកពួកកុំមុយនីស គេមើលឃើញថា ប្រទេសកម្ពុជា ជាទីតាំងមួយប្រសើរសម្រាប់ពួកគេ។
នៅសហរដ្ឋអាមេរិក ព្រះអង្គទ្រង់ធ្វើសេចក្ដីថ្លែងការណ៍មួយដែលត្រូវបានសារព័ត៌មានដ៏ធំមួយ ឈ្មោះ ញូវយ៉កថែម ចុះផ្សាយក្នុងទំព័រទី១របស់គេ នៅថ្ងៃទី ១៩ មេសា ១៩៥៣ ដែលធ្វើឲ្យ ពិភពលោកទាំងមូលមានការភ្ញាក់ផ្អើល។ ខ្លឹមសារគឺ “... បើបារាំងមិនយល់ព្រមប្រគល់ឯករាជ្យឲ្យកម្ពុជាទេនោះ នឹងមានគ្រោះថ្នាក់មួយយ៉ាងពិតប្រាកដ គឺថាប្រជាពលរដ្ឋខ្មែរនឹងក្រោកឈរឡើងប្រឆាំងនឹងបារាំង ហើយគេនឹងងាកទៅរក ចលនាវៀតមិញ ដែលដឹកនាំដោយពួកកុំមុយនីស”។ ក្នុងករណីមានការគំរាមកំហែង ប្រជាពលរដ្ឋប្ដេជ្ញាថា "ពួកបារាំង ទាំងអស់ដែលនៅក្នុងស្រុកខ្មែរ នឹងត្រូវឡោមព័ទ្ធ ហើយជីវិតចុងក្រោយរបស់ពួកគេនឹងមកដល់ ... “។
ព្រះបញ្ញាញាណខាងលើនេះ បានធ្វើឲ្យមតិសកលលោក ពិសេសលោកខាងលិច តម្រូវឲ្យ រដ្ឋាភិបាលបារាំងព្រមចូលរួមធ្វើការចរចាជាមួយរដ្ឋាភិបាលកម្ពុជា ស្ដីពីឯករាជ្យបរិបូរនៃរាជាណា ចក្រកម្ពុជា។

រដ្ឋ​ប្រហារ

នៅថ្ងៃទី​ ១៨ មីនា ១៩៧០ ព្រះអង្គត្រុវសេនាប្រមុខ លន់​ នល់​ ធ្វើរដ្ឋប្រហារតំលាក់ព្រះអង្គ ចេញពីតំណែង​ ខណៈពេលដែលព្រះអង្គបានយាងទៅបំពេញទស្សនកិច្ចនៅបរទេស ដោយបង្កើត រដ្ឋាភិបាលថ្មីមួយឈ្មោះ សាធារណរដ្ឋខ្មែរ ។ រដ្ឋាភិបាលថ្មីនេះត្រូវបានទទួលស្គាល់ពី សហរដ្ឋ អាមេរិក

ការសោយទិវង្គត

ព្រះករុណាព្រះបាទនរោត្ដមសីហនុ ព្រះវរបិតាឯករាជជាតិ ទ្រង់បានសោយព្រះទិង្គតនៅថ្ងៃច័ន្ទ ទី ១៥ ខែតុលា ឆ្នាំ ២០១២ ត្រូវនឹងថ្ងៃ ១៥ រោច ខែ ភទ្របទ​ ឆ្នាំរោង ចត្វាស័ក វេលាម៉ោង ១ និង ២០ នាទីយប់ (ម៉ោងនៅរាជធានីភ្នំពេញ) នៅទីក្រុងប៉េកាំង ប្រទេសចិន ដោយជរាពាធ។ ព្រះសព របស់ទ្រង់ត្រូវបានដង្ហែរពីទីក្រុងប៉េកាំងមកកាន់រាជធានីភ្នំពេញ ដោយព្រះករុណាព្រះបាទសីហមុនី និង សម្ដេចតេជោនាយករដ្ឋមន្ត្រីហ៊ុនសែន នៅថ្ងៃទី ១៧ ខែតុលា វេលាម៉ោង ២:៣០ រសៀល។ ការដង្ហែរព្រះបរមសពពីប្រលានយន្តហោះអន្តរជាតិភ្នំពេញ មក ព្រះបរមរាជវាំង​កាត់តាមវិមាន ឯករាជ្យ បានបញ្ចប់នៅម៉ោង ៥:៣០ ល្ងាច ដោយមានប្រជានុរាស្ត្រប្រមាណជាង ១ ០០០ ០០០ (មួយលាន) ទៅ​ជាង ១ ២០០ ០០០ (មួយលាន​ពីរសែន) នាក់មកចាំដង្ហែរដែលមានទាំងបព្វជិត និង គ្រហស្ថ។ ព្រះបរមសពរបស់ទ្រង់នឹងដំកល់នៅព្រះបរមរាជវាំងយ៉ាងតិច ៣ ខែ។

អព្ភូតហេតុ

នៅយប់ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០១២ ប្រជាពលរដ្ឋ និង អ្នកសារពត៌មាន CNC ប្រចាំនៅ ខេត្តបាត់ដំបង និង រាជធានីភ្នំពេញ បាននិយាយថាមានឃើញព្រះភក្ដរបស់ ព្រះអតីតព្រះបាទ នរោត្ដម សីហនុ នៅក្នុងព្រះច័ន្ទ។

ប្រភពពី៖ http://km.wikipedia.org

No comments:

Post a Comment